រដ្ឋសភាកម្ពុជា ថ្កោលទោសចំពោះទង្វើឈ្លានពានយោធាយ៉ាងគឃ្លីន របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការសោកស្តាយចំពោះហេតុការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយមានមូលហេតុឈ្លានពាន គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

រដ្ឋសភាកម្ពុជា បានថ្កោលទោសចំពោះទង្វើឈ្លានពានយោធាយ៉ាងគឃ្លីន របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍មូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ដែលអាចប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ានសន្តិភាព។

រដ្ឋសភាកម្ពុជា សូមគាំទ្រចំពោះតួនាទីដែលមិនអាចខ្វះបានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមចំណែកបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបប្រឆាំងនឹងការឈ្លានពាន ដោយប្រដាប់អាវុធរបស់ថៃ ដែលជាសិទ្ធិស្វ័យការពារខ្លួនក្នុងកិច្ចការពារដែន អធិបតេយ្យភាព បូរណភាពទឹកដី ជីវិតប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍របស់ជាតិកម្ពុជា។

រដ្ឋសភាកម្ពុជា ប្រកាសគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សា សន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កម្លាំងប្រដាប់អាវុធថៃមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបរក្សាសាមគ្គីភាពគ្នា ជាធ្លុងមួយ បន្តប្រកបរបរប្រចាំថ្ងៃជាប្រក្រតី និងសូមជឿជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងវីរភាពដ៏អង់ អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខ។

រដ្ឋសភាកម្ពុជា ជឿជាក់ថា យុត្តិធម៌ផ្អែកលើច្បាប់អន្តរជាតិនឹងនាំមកនូវ សន្តិភាពយូរអង្វែង តាមចក្ខុវិស័យដឹកនាំសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ដែលបានប្រកាសនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាក៏បាន បញ្ជូនវិវាទនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៕