
(Nan)៖ ស្ថានភាពទឹកជំនន់នៅភាគខាងជើងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានបង្កការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះ Wipha។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៥។
ទឹកជំនន់នេះបានកេីតឡេីងនៅឯស្រុកភាគខាងជើងបំផុតនៃខេត្ត Nan កាលពីសប្តាហ៍មុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបណ្តាលមកពីសំណល់នៃព្យុះ Wipha។ អ្នកស្រុកបាននិយាយថា វាជាទឹកជំនន់ដ៏អាក្រក់បំផុតដែលពួកគេមិនធ្លាប់ជួប។

សំណល់នៃព្យុះរួមផ្សំនឹងខ្យល់មូសុងនិរតី បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងពាសពេញខេត្តនានា រួមមាន Nan, Chiang Rai, Phayao, Lampang, Chiang Mai, Mae Hong Son, Phrae និង Loei។ តាមទីភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ថៃ ទឹកជំនន់ និងការបាក់ដីចាប់តាំងពីថ្ងៃទី២១ ខែកក្កដា បានប៉ះពាល់ដល់មនុស្សចំនួន ៣៣ ៩០០គ្រួសារនៅទូទាំង ៥០ស្រុក៕


































