(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានឯកភាពឱ្យសហរដ្ឋអាមេរិក ចូលរួមត្រួតពិនិត្តយការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់រវាងកម្ពុជា និងថៃ។
ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូណាល់ ត្រាំ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយពីត្រឡប់ពីម៉ាឡេស៊ី ដល់កម្ពុជាវិញ ជាមួយចរចាឈប់បាញ់ជាបន្ទាន់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃដោយជោគជ័យនោះ សម្តេចបានទទួលទូរសព្ទពីលោក ដូណាល់ ត្រាំ។ ការហៅទូរសព្ទផ្ទាល់ពីសំណាក់លោកប្រធានាធិបតី ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតី ចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយ លោកតាមដានដោយផ្ទាល់។
តាមរយៈជំនួបនេះ សម្តេចមហាបវរធិបតី បានសម្ដែងការអរគុណសាជាថ្មីចំពោះលោកប្រធានាធិបតីអាមេរិក ដែលបានផ្ដួចផ្ដើមនិងជំរុញឱ្យមានការចរចារឈប់បាញ់ឱ្យបានឆាប់រហ័ស និងឱ្យសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងជំនួបនេះ លោកប្រធានាធិបតីអាមេរិក បង្ហាញការយល់ឃើញថា ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះ ក៏ជាចំណុចឯកភាពគ្នាមួយក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ លោកប្រធានាធិបតី បានឯកភាពឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឱ្យបានជោគជ័យ។
លោកប្រធានាធិបតី ចាត់ទុកកិច្ចការងារនេះជាកិច្ចការពិសេស និងសំខាន់ដែលលោកចង់ឃើញសន្តិភាពមួយ ដែលមានជាអចិន្ត្រៃយ៍រវាងកម្ពុជា និងថៃ៕
































