សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំពោះមរណភាពរបស់ឧបាសិកា កាំង ម៉េងហ៊ាង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ ជា ដានី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង០១:៥៨នាទី រំលងអាធាត្រ (នៅសហរដ្ឋអាមេរិក) ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

នៅសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ក្នុងនាមសមាជិក សមាជិកា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួន ខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោកស្ដាយ និងក្ដុកក្ដួលឥតឧបមា បន្ទាប់ពីបានទទួលដំណឹងមរណភាព ឧបាសិកា កាំង ម៉េងហ៊ាង ដែលត្រូវជាម្តាយក្មេក ម្តាយបង្កើតរបស់ ឯកឧត្តម និងលោកជំទាវ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១:៥៨នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ ស្តាយស្រណោះ អាឡោះអាល័យរកទីបំផុតគ្មាន និងសូមចូលរួមរំលែទុក្ខជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្ដាយ ម្ដាយក្មេក ជីដូនជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃបានប្រកប ដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូប ដែលតែងតែខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ។ ជាពិសេសទៅទៀតនោះ មរណភាព ឧបាសិកា ក៏ជាការ
បាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និង
ទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា កាំង ម៉េងហ៊ាង សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕