ប្រមុខការពារជាតិកម្ពុជា ថ្លែងអំណរគុណម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូកម្ពុជា

(ម៉ាឡេស៊ី)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសកម្ពុជា-ថៃ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃ ក៏បានយល់ស្រប ក្នុងទទួលយក។



តាមរយៈ Facebook ផ្លូវការ របស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

«ខ្ញុំសូមថ្លែងអំណរគុណ ដល់ភាគីម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ សម្រាប់គណៈប្រតិភូកម្ពុជា។

ក្នុងឱកាសជំនួបទ្វេភាគី ភាគីកម្ពុជា ទទួលបានការយកចិត្តទុកខ្ពស់ ពីលោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានបង្ហាញពីឆន្ទៈ នៃការចង់ឃើញជោគជ័យ នៃការអនុវត្ត បទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR) នឹងជួយឱ្យឈានទៅការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយជាយន្តការតាមដាន ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមសម្របសម្រួលរបស់ភាគីម៉ាឡេស៊ី បានធ្វើឱ្យដំណើរការនៃ កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃក៏បានយល់ស្រប ក្នុងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះ ដែលកម្ពុជាទទួលយកបានដូចគ្នា។

ខ្ញុំក៏សូមរំលេចប្រសាសន៍របស់លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លើកឡើងថា «Peace is Expensive, Life is Precious, Time is Essence» «សន្តិភាពពិតជាមានតម្លៃ ជីវិតពិតជាថ្លៃថ្លា ពេលវេលាគឺមានកំណត់»»៕