(ម៉ាឡេស៊ី)៖ កម្ពុជា-ថៃ បានឯកភាពគ្នា កំណត់ពេលវេលា រៀបចំកិច្ចប្រជុំ GBC ក្នុងរយៈពេល១ខែ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែលធ្វើឡើងនាទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ។

ក្នុងអនុស្សារណៈការព្រមព្រៀង បានបញ្ជាក់ថា «ភាគីទាំងសងខាង បានឯកភាពកំណត់ពេលវេលា រៀបចំកិច្ចប្រជុំ GBC ក្នុងរយៈពេល១ខែ បន្ទាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ (ទីតាំងរៀបចំកិច្ចប្រជុំ នឹងត្រូវបានពិភាក្សាតាមក្រោយ)។ បើពុំដូច្នោះទេ កិច្ចប្រជុំពិសេស GBC នឹងត្រូវរៀបចំឡើងភ្លាមៗ ដោយប្រើទម្រង់នៃកិច្ចប្រជុំដដែល ដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀងឈប់បាញ់»។
កិច្ចប្រជុំពិសេស GBC ខាងលើនេះ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍។

សូមជម្រាបថា កិច្ចប្រជុំ GBC គឺជាផ្នែកមួយបន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលចូលជាធរមាន នៅម៉ោង០០៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕



































