រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក៖ ជំនួបរវាងក្រុមចរចាពាណិជ្ជកម្មជាមួយមន្រ្តីចិន អាចធ្វើឡើង នៅពីរឬបីខែក្រោយ

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមមន្រ្តីពាណិជ្ជកម្មនឹងជួបជាមួយសមភាគីចិន នៅអំឡុងពីរឬបីខែខាងមុខ ដើម្បីពិភាក្សាអំពីអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣​ ខែសីហា ឆ្នាំ ២០២៥។

ការអត្ថាធិប្បាយនេះកើតមានឡើងមួយថ្ងៃ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចពន្យារបទឈប់បាញ់ ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន រយៈពេល ៩០ថ្ងៃទៀត។ លោក Bessent គូសបញ្ជាក់ថា «មិនមានកាលបរិច្ឆេទជាក់លាក់ទេ លោកប្រធានាធិបតី (ត្រាំ) មិនទាន់កំណត់នៅឡើយ»។ លោក Bessent ក៏បានប្រាប់កម្មវិធី Fox Business ថាសហរដ្ឋអាមេរិកចាំមើលសិន ដោយត្រូវការពេលប៉ុន្មានខែ ឬត្រីមាស ហើយអាចរហូតដល់ឆ្នាំ ជុំវិញបញ្ហាលំហូរនៃថ្នាំ fentanyl មុនពេលពិចារណាកាត់បន្ថយពន្ធលើចិន។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីភាពបរាជ័យក្នុងការទប់ស្កាត់លំហូរសារធាតុផ្សំសម្រាប់ផលិតថ្នាំ fentanyl ដែលជាមូលហេតុចម្បងធ្វើឱ្យមានអ្នកស្លាប់នៅអាមេរិក ដោយការប្រើប្រាស់ថ្នាំប្រភេទនេះលើសកម្រិត។ រីឯប៉េកាំង ចាត់ទុកការចោទប្រកាន់របស់វ៉ាស៉ីនតោន ថាជាការបង្ខូចឈ្មោះប្រទេសចិន៕