លោក Zelenskiy ទៅដល់ទីក្រុងប៊ែរឡាំង ដើម្បីចូលរួមកិច្ចប្រជុំជាមួយលោក ត្រាំ និងមេដឹកនាំអឺរ៉ុប មុនជំនួបកំពូលជាមួយលោក ពូទីន

(ប៊ែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំងហើយ នៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំបែបនិម្មិតមួយ ដែលរៀបចំដោយអាល្លឺម៉ង់ ជាមួយលោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបដទៃទៀត។ កិច្ចប្រជុំនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក ត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋអាឡាស្កា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីឱ្យមេដឹកនាំអឺរ៉ុបព្យាយាមបញ្ជាក់ឱ្យបានច្បាស់ទៅកាន់លោក ត្រាំ អំពីគ្រោះថ្នាក់នៃការលក់ផលប្រយោជន៍របស់ទីក្រុងកៀវ នៅក្នុងជំនួបកំពូលរវាងអាមេរិក-រុស្ស៊ីលើកដំបូងចាប់តាំងពីឆ្នាំ២០២១។ លោក ត្រាំ បានធ្វើឱ្យអ៊ុយក្រែន និងអឺរ៉ុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីសប្តាហ៍មុន នៅពេលលោកបានលើកឡើងថា កិច្ចព្រមព្រៀងណាមួយនឹងពាក់ព័ន្ធនឹង «ការដោះដូរទឹកដីមួយចំនួន»។

នៅទីក្រុងប៊ែរឡាំង លោក ហ្សេលេនស្គី បានចាប់ដៃជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មុននឹងចូលរួមកិច្ចពិភាក្សាទ្វេភាគី។ ក្រោយមក លោកនឹងចូលរួមកិច្ចប្រជុំតាមវីដេអូជាមួយមេដឹកនាំនៃប្រទេសហ្វាំងឡង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ និងសហភាពអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ផងដែរ។ លោក ត្រាំ និងអនុប្រធានាធិបតី លោក JD Vance នឹងចូលរួមក្នុងកិច្ចប្រជុំនេះតាមអនឡាញ។

គួរបញ្ជាក់ថា មុនកិច្ចប្រជុំ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា «ខ្ញុំនឹងនិយាយជាមួយមេដឹកនាំអឺរ៉ុបក្នុងពេលបន្តិចទៀតនេះ។ ពួកគេគឺជាមនុស្សដ៏អស្ចារ្យ ដែលចង់ឃើញកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច»៕