(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយលោក តូ ឡឹម សារជាតិថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិបញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយុអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកដល់សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។
សម្ដេចតេជោ បានមានប្រសាសន៍ អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលភាគីទាំងពីរបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយក្នុងក្របខណ្ឌរដ្ឋាភិបាល ក៏ដូចគ្នាដែរភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ព្រមទាំងក្របខណ្ឌស្ថាប័ននីតិបញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។
សម្ដេចតេជោ បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។

ដូច្នេះចំនួននេះបានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា វៀតណាម គឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងឱកាសនោះលោក តូ ឡឹម បានសម្ដែងនៅក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ដែលពូនជ្រុំបន្តពីសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបន្តមកដល់ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាលំដាប់។

លោក តូ ឡឹម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ហើយលោកបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។ គោលដៅធំរវាងកម្ពុជា និងវៀតណាមគឺគ្រោងសម្រេចឲ្យបាននូវផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកឡើងទៀតថា នៅពេលខាងមុខ ពោលគឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យខួប ៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម។ លោក តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានរបស់សម្ដេចក្នុងខួប ៨០ឆ្នាំ នៃបុណ្យឯករាជ្យជាតិវៀតណាមនាពេលខាងមុខ។
លោកក៏បានចាត់ទុកវត្តមានរបស់សម្ដេចតេជោនាពេលនោះថា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម ហើយលោកបានប្ដេជ្ញាធ្វើយ៉ាងណាពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតឱ្យសមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕
































