លោក ពូទីន ប្រាប់សមភាគីបេឡារុស និងកាហ្សាក់ស្ថាន ឱ្យបានដឹងលម្អិតអំពីជំនួបជាមួយលោកត្រាំ

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយជាមួយមេដឹកនាំបេឡារុស និងកាហ្សាក់ស្ថាន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីការជួបគ្នារវាងរូបលោក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលវិមានក្រឹមឡាំងថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ ២០២៥។

បន្ទាប់ពីជួបលោក ត្រាំ នៅរដ្ឋ Alaska លោក​ ពូទីន បានប្រាប់ក្រុមមន្រ្តីកំពូលៗរបស់លោកនៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃសៅរ៍ថា ជំនួបនោះគឺទាន់ពេល និងមានប្រយោជន៍ខ្លាំង ដោយមាននូវការជជែកអំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន «ដោយឈរលើមូលដ្ឋានត្រឹមត្រូវ» ដើម្បីដោះស្រាយដើមហេតុនៃវិបត្តិ។

អ្នកនាំពាក្យរបស់លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស បានឱ្យដឹងថា លោក ពូទីន បានប្រាប់ លោក Lukashenko ឱ្យបានយល់លម្អិតអំពីលទ្ធផលនៃជំនួប។ ចំណែកអ្នកនាំពាក្យរបស់ លោក Kassym-Jomart Tokaev ប្រធានាធិបតីកាហ្សាក់ស្ថាន និយាយថា ជំនួបរវាងលោក ពូទីន និងលោក ត្រាំ ជួយឱ្យភាគីអាមេរិកយល់ពីរុស្ស៉ីជាងមុន ជុំវិញ គោលជំហររបស់រុស្ស៉ីចំពោះអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ បានជួបគ្នាផ្ទាល់លើកដំបូងក្នុងរយៈពេល ៤ឆ្នាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងនៅវ៉ាស៉ីនតោន) និងជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៉ី-អាមេរិក ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕