ប្រមុខការទូតចិន ប្រាប់សមភាគីឥណ្ឌាថា ប្រទេសទាំងពីរគួរចាត់ទុកគ្នា ជាដៃគូ មិនមែនគូប្រជែង

(ញូដែលី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានពិភាក្សាគ្នាអំពីសន្តិភាព ព្រំដែន បញ្ហាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទ្វេភាគី ក្នុងជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥។

លោក Wang បាននិយាយថា ចិន និងឥណ្ឌាគួរតែបង្កើតការយល់ដឹងជាយុទ្ធសាស្រ្តត្រឹមត្រូវ ហើយចាត់ទុកគ្នាជាដៃគូ មិនមែនជាគូប្រជែង។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន ប៉េកាំងក៏បានត្រៀមខ្លួនជាស្រេច ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍ស្និទ្ធស្នាល ផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយឥណ្ឌា។

លោក Jaishankar បាននិយាយថា មានការសន្ទនាប្រកបដោយផលិតភាពលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងឥណ្ឌា និងចិន ដំណើរធម្មយាត្រា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចែករំលែកទិន្នន័យតាមទន្លេ ពាណិជ្ជកម្មតាមព្រំដែន ការតភ្ជាប់ និងការផ្លាស់ប្តូរទ្វេភាគី។

គួរបញ្ជាក់ថា លោក Wang បានទៅដល់រដ្ឋធានីរបស់ឥណ្ឌាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាពេលដែលលោកនឹងធ្វើកិច្ចចរចាព្រំដែនជុំទី ២៤ ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval និងជួបនាយករដ្ឋមន្ត្រី លោក Narendra Modi ផងដែរ៕