ទាហានអ៉ីស្រាអែល វាយឆ្មក់នៅតំបន់ West Bank មនុស្ស ៧នាក់រងរបួស

(Nablus, West Bank)៖ ទាហានអ៉ីស្រាអែលបានសម្រុកចូលទីក្រុង Nablus តំបន់ West Bank កាលថ្ងៃពុធសប្តាហ៍នេះ ដោយអ្នកដែលបានឃើញហេតុការណ៍ និងមន្ត្រីប៉ាឡេស្ទីន ក៏ដូចជាអឌ្ឍចន្ទក្រហមរាយការណ៍ថា មនុស្ស ៧នាក់បានរងរបួសនៅក្នុងការវាយឆ្មក់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ ២០២៥។

នៅពេល AFP ទាក់ទងទៅ យោធា​អ៉ីស្រាអែល​ទទួលស្គាល់ថា កម្លាំង​របស់​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ​មួយ​នៅ​ទីក្រុងភាគ​ជើង West Bank តែមិន​បាន​បញ្ជាក់​ពី​គោលបំណង​ឡើយ។ អ្នកស្រុកនិយាយថា មានការវាយឆ្មក់នៅវេលាម៉ោង ៣ទាបភ្លឺ ដោយក្រុមទាហាននៅក្នុងរថពាសដែក បានវាយលុកសង្កាត់ជាច្រើននៃទីក្រុង Nablus ដែលមានប្រជាជនប្រហែលរស់នៅ ៣០ ០០០នាក់។

តាមសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ការវាយឆ្មក់បានកើតឡើង មួយថ្ងៃបន្ទាប់ពីកងទ័ពអ៉ីស្រាអែលវាយឆ្មក់ទីក្រុង Ramallah ជាកន្លែងរបស់អាជ្ញាធរប៉ាឡេស្ទីន។ ក្រុមរបស់ខ្លួនបានព្យាបាលមនុស្ស ៦នាក់ដែលរងរបួសដោយគ្រាប់ ខណៈម្នាក់ទៀតត្រូវរបួសដោយសារតែរត់ដួល អំឡុងពេលមានការវាយឆ្មក់។

គួរបញ្ជាក់ថា Nablus ជាទីក្រុងដ៏ចំណាស់មួយនៅ West Bank និងគោលដៅសំខាន់នៃការវាយឆ្មក់របស់អ៉ីស្រាអែល។ ចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សាមក អំពើហិង្សានៅ West Bank កាន់តែកើនឡើងថែមទៀត៕