(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។
លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា «ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។ បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់រណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់»។
ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៖
* ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ

* សិក្សាស្វែងយល់បន្ថែម អំពីបញ្ហាជំងឺឆ្លងដែលមាននៅលើសកលលោក ជាពិសេសនៅក្នុងតំបន់ និងពិភាក្សាទៅលើនិយាមការនៃការព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអង់ទីប៊ីយូទិក (Antibiotics)
* បន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ទាំងនៅក្នុងសាកលវិទ្យាល័យ និងទាំងក្នុងចំណោមមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ
* បន្តការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល អំពីការងារការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ Antimicrobials Stewardship (AMS) ការបង្ការនិងត្រួតពិនិត្យការចម្លងរោគ Infection Prevention and Control (IPC) និងការធ្វើរោគវិនិច្ឆ័យឱ្យត្រឹមត្រូវដោយផ្អែកលើភ័ស្តុតាងពីមន្ទីរពិសោធន៍ នៅតាមមូលដ្ឋានសុខាភិបាល
* បន្តកិច្ចសហការឱ្យជិតស្អិតជាមួយផ្នែកមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តរកមេរោគបង្កជំងឺដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាធ្វើការប្រមូល ការវិភាគ និងការចែករំលែកទិន្នន័យ ដើម្បីជួយដល់ការធ្វើបច្ចុប្បន្នភាពនិយាមនៃការព្យាបាលដោយឱសថប្រឆាំងមេរោគក្នុងប្រទេសកម្ពុជា

*លើកទឹកចិត្តក្រុមការងារសុខាភិបាល ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធនានា បន្តស្រាវជ្រាវរួមគ្នាអំពីបញ្ហាជំងឺឆ្លង និងបញ្ហាភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគ ដើម្បីប្រមូលបានជាធាតុផ្សំបន្ថែមទៀត ជាគុណប្រយោជន៍ទៅដល់ការអនុវត្តន៍កិច្ចការងារប្រចាំថ្ងៃ
* ក្នុងនាមជាគ្រូពេទ្យ ត្រូវគិតគូឱ្យបានច្បាស់លាស់មុនចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្នុងនោះអាចទប់ស្កាត់ការរាតត្បាតជំងឺជាសកលមួយ។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលអន្តរជាតិ ICARS និងកិច្ចសហការគាំទ្ររបស់អង្គការសុខភាពពិភពលោក ព្រមទាំងក្រុមការងារដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងស្របពេលដែលក្រសួងសុខាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ទៅនឹងការគម្រាមកំហែងពីការកើនឡើង នៃភាពស៊ាំនៃមេរោគជាមួយនឹងឱសថប្រឆាំងមេរោគ។

សូមជម្រាបថាសិក្ខាសាលានេះ គឺរៀបចំរយៈពេល២ថ្ងៃ នៅសណ្ឋាគារសុខាភ្នំពេញ មានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំក្រសួង, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, តំណាងមជ្ឈមណ្ឌលអន្តរជាតិ ICARS, អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមន្ទីរពេទ្យខេត្ត ស្រុក និង ភ្ញៀវជាតិ និងអន្តរជាតិ និងតាមប្រព័ន្ធ Zoom នូវក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងក្រុមការងារ AMS៕


































