(កាប៊ុល)៖ គ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន បានបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ប្រហែល ៦២២នាក់ហើយ គ្រាដែរឧទ្ធម្ភាគចក្រកំពុងដឹកជញ្ជូនអ្នករបួស ចេញពីគំនរបាក់បែកទៅសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ ២០២៥។

ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានគ្រប់គ្រងដោយក្រុមតាលីបង់ បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ ធ្វើឱ្យមនុស្សជាង១ ៥០០នាក់រងរបួស។ នៅទីក្រុងកាប៊ុល ក្រុមសង្រ្គោះកំពុងព្យាយាមចូលទៅភូមិដាច់ស្រយាល កន្លែងដែលមានប្រវត្តិរញ្ជួយដី និងទឹកជំនន់ជាយូរមកហើយ។
តាមក្រសួងសុខាភិបាល ភូមិចំនួន ៣ក្នុងតំបន់ Kunar ត្រូវបានបំផ្លាញទាំងស្រុង និងខូចខាតច្រើននៅឯកន្លែងផ្សេងទៀត។ ក្រុមសង្រ្គោះ ក៏កំពុងស្វែងរកអ្នកនៅមានជីវិត ក្នុងតំបន់ជាប់ព្រំដែនតំបន់ Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថានផងដែរ ជាកន្លែងដែលផ្ទះកប់ក្នុងភក់ និងថ្ម ដោយការរញ្ជួយដីជម្រៅ ១០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន ងាយនឹងកើតមានគ្រោះរញ្ជួយដីដ៏សាហាវ ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ហើយ ការរញ្ជួយដីឆ្នាំមុន បានសម្លាប់មនុស្សច្រើនជាង ១ ០០០នាក់។ មហន្តរាយថ្មីនេះ នឹងធ្វើឱ្យអាហ្វហ្កានីស្ថានលំបាកថែមទៀត ខណៈប្រឈមមុខនឹងវិបត្តិមនុស្សធម៌ស្រាប់ រាប់ចាប់តាំងពីការធ្លាក់ចុះនៃជំនួយមនុស្សធម៌ រហូតដល់ការនិរទេសពលរដ្ឋរបស់ខ្លួនយ៉ាងច្រើន មកពីប្រទេសជិតខាងវិញ៕
































