(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងបណ្តាមេដឹកនាំវៀតណាម សុទ្ធតែបានលើកឡើង ពីបញ្ហាប្រឈមលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយគោលដៅធំរបស់សម្តេចតេជោ គឺត្រូវការអ្នកអង្កេតការណ៍ ដើម្បីឱ្យមានបទឈប់បាញ់មួយ ដែលមានប្រសិទ្ធភាព រក្សាឱ្យបានប្រក្រតីភាពបានវិលត្រឡប់មកវិញរវាងកម្ពុជា និងថៃ។

លោក ជា ធីរិទ្ធ បានបញ្ជាក់ដូចនេះនាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា «នៅក្នុងជំនួបរវាងសម្តេចតេជោ និងបណ្តាមេដឹកនាំកំពូលរបស់វៀតណាមទាំង៣ (ប្រធានរដ្ឋសភា, អគ្គលេខាធិការបក្ស និងនាយករដ្ឋមន្ត្រីវៀតណាម) សុទ្ធតែបានលើកឡើងពីបញ្ហាប្រឈម បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតមានកន្លងមក និងកំពុងកើតមាននាពេលបច្ចុប្បន្ននេះ, អ្វីដែលជាគោលដៅធំរបស់សម្តេចតេជោ លោកបានបញ្ជាក់ពីជំហរនៃការត្រូវការអ្នកអង្កេតការណ៍ ដើម្បីឱ្យមានបទឈប់បាញ់មួយ ដែលមានប្រសិទ្ធភាព រក្សាឱ្យបានប្រក្រតីភាពបានវិលត្រឡប់មកវិញ រវាងទំនាក់ទំនងរវាងកម្ពុជា និង ថៃ»។

លោក ជា ធីរិទ្ធ បានបន្ថែមទៀតថា គោលដៅរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីលោកបានធ្វើជានាយករដ្ឋមន្ត្រី បានដាក់គោលដៅចំនួន២ មានដូចជា (១) ការកែប្រែគោលដៅតំបន់អតីតសមរភូមិ ឱ្យក្លាយជាទៅទីផ្សារ (២) គោលដៅប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែន ដែលមានសន្តិភាព មានភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយគ្នា ហើយសម្តេចមិនចង់ឃើញមានសង្គ្រាមនៅតាមតំបន់ព្រំដែននោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់មេដឹកនាំវៀតណាមថា សម្តេចមានការសោកស្តាយណាស់ ដែលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ បានកើតឡើង ហើយសម្តេចសង្ឃឹមថា ស្ថានការរបស់ប្រទេសទាំង២ និងវិលត្រឡប់ល្អប្រសើរវិញផងដែរ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ដែរថា ជាឱកាសនោះជាការឆ្លើយតបរបស់វៀតណាម ប្រទេសវៀតណាមបានរក្សាជំហរក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានល្អប្រសើរ និងបញ្ជៀសឱ្យផុតកុំឱ្យមានការផ្ទុះអាវុធឡើងវិញរវាងប្រទេសទាំង២ ផងដែរ៕


































