គណបក្សប្រជាជនថៃ មិនទាន់សម្រេចចិត្ត! បញ្ជូនបន្តឱ្យគណៈកម្មាធិការបក្សជាអ្នកសម្រេចចិត្តចុងក្រោយនៅថ្ងៃស្អែក

(បាងកក)៖ គណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន (People’s Party) បានសម្រេចលើកពេលការសម្រេចចិត្តរបស់ខ្លួនថា តើត្រូវបោះឆ្នោតយ៉ាងដូចម្តេចសម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេស ដោយសមាជិកសភារបស់គណបក្ស បានសម្រេចបញ្ជូនបញ្ហានេះបន្តទៅឲ្យគណៈកម្មាធិការប្រតិបត្តិរបស់បក្ស ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយនៅថ្ងៃស្អែក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ។

កិច្ចប្រជុំសភាបក្សបានបញ្ចប់ទៅ ដោយមិនមានការឯកភាពគ្នាឡើយ។ ទោះជាយ៉ាងណា គណបក្សនៅតែរក្សាជំហររបស់ខ្លួនថា នាយករដ្ឋមន្ត្រីណាក៏ដោយដែលត្រូវបានជ្រើសរើស ត្រូវតែមានភារកិច្ចជាក់លាក់ក្នុងការរំលាយសភា និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រមទាំងបានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងរដ្ឋាភិបាលឡើយ។

ថ្លែងនៅម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី២ ខែកញ្ញា លោក Pakornwut Udompipatskul ដែលជាប្រធានក្រុមសមាជិកសភារបស់បក្សប្រឆាំង បានថ្លែងថា «ថ្ងៃនេះមិនទាន់មានការសម្រេចចិត្តទេ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ យើងបានស្តាប់មតិរបស់សមាជិកសភា និងបានបើកការពិគ្រោះយោបល់ជាមួយសមាជិកបក្សទាំង ១០ម៉ឺននាក់ ដើម្បីប្រមូលទស្សនៈ»។

លោកបានសង្កត់ធ្ងន់ថា «យើងមិនមែនកំពុងជ្រើសរើសនាយករដ្ឋមន្ត្រីដ៏ល្អបំផុតនោះទេ ប៉ុន្តែគឺកំពុងជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ ដើម្បីដឹកនាំឆ្ពោះទៅរកការរំលាយសភា»៕