(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសបែលហ្ស៉ិក លោក Maxime Prevot នៅថ្ងៃអង្គារ ទី២ ខែកញ្ញា បានប្រកាសថាប្រទេសរបស់លោកនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅក្នុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Maxime Prevot បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋប៉ាឡេស្ទីននឹងត្រូវបានទទួលស្គាល់ដោយបែលហ្ស៉ិកនៅឯសម័យប្រជុំ UN ហើយទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់កំពុងត្រូវបានដាក់ឱ្យអនុវត្តប្រឆាំងរដ្ឋាភិបាលអ៉ីស្រាអែល»។ លោក Prevot បន្ថែមថាការសម្រេចចិត្តទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរបស់បែលហ្ស៉ិក ធ្វើឡើង ដោយសារតែសោកនាដកម្មមនុស្សធម៌ដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា និងក្រោយ UN ប្រកាសទទួលស្គាល់ជាផ្លូវការថាពិតជាមានគ្រោះទុរភិក្សនៅក្នុងតំបន់ហ្កាហ្សាពិតមែន។ តាមលោក Prevot បែលហ្ស៉ិកក៏នឹងបង្កើនការដាក់សម្ពាធលើហាម៉ាសផងដែរ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថាបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាត UN ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី៩ ដល់ថ្ងៃទី២៣ ខែកញ្ញានេះ។ បន្ទាប់ពីការប្រកាសរបស់លោក Macron ប្រទេសលោកខាងលិចជាច្រើនទៀតដូចជាអូស្ត្រាលី និងចក្រភពអង់គ្លេស ក៏បានប្រកាសរៀងៗខ្លួន ថានឹងធ្វើដូចគ្នានេះដែរ៕
































