(តូក្យូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយកបង្គន់ពិសេសរបស់លោកទៅតាមជាមួយដែរ អំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីកុំឱ្យគេយក DNA ឬតាមដាន ស្ថានភាពសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei។

Nikkei ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងជប៉ុន។ បង្គន់ពិសេសរបស់លោក គីមត្រូវបានដំឡើងនៅក្នុង រថភ្លើងពាសដែកដែលនាំរូបលោកធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ទី២ ខែកញ្ញា ដើម្បីចូលរួមពិធីព្យុហយាត្រាយោធារបស់ចិននៅថ្ងៃទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា។ ប្រភពពី ចារកម្មកូរ៉េខាងត្បូងបានប្រាប់ Nikkei ថា «ស្ថានភាពសុខភាពរាងកាយរបស់មេដឹកនាំកំពូលកូរ៉េខាងជើង អាចបង្កផលប៉ះពាល់យ៉ាងធំដល់របបដឹកនាំកូរ៉េខាងជើង។ ដូច្នេះកូរ៉េខាងជើង បានព្យាយាមយ៉ាងខ្លាំងក្នុងការបិទបាំង និងមិនឱ្យគេប្រមូលបានទិន្នន័យសម្រាប់ការវិភាគសុខភាពដូចជាសក់ លាមក ទឹកនោម ឬក៏ទឹកមាត់នោះទេ»។
គួរបញ្ជាក់ថា បើតាម Nikkei ក្រុមមន្ត្រីកូរ៉េខាងជើងដែលបានអមដំណើរលោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន បានសម្អាតភ្លាមៗកៅអីអង្គុយ ឬវត្ថុទាំងឡាយណា ដែលលោក គីម បានប៉ះពាល់នៅក្នុងបន្ទប់ជាទីដែលលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន៕
































