ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពភូមិសាស្ត្រមួយចំនួនក្នុងខេត្ត និងផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូរទូក) នៅស្រុកស្ទឹងហាវ

(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រួមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានចុះពិនិត្យវឌ្ឍនភាពចំណុចមួយចំនួនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានដូចជាទីតាំងផែ និងគម្រោងអភិវឌ្ឍចំណតជលយាន្ត (អ៊ូរទូក) សម្រាប់ការជួលជុលអូកកាណូត និងនាវាក្នុងស្រុក ដែលមានផ្ទៃដីជាង ៨ហិកតា និងពិនិត្យភូមិនេសាទ ស្ថិត នៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ដំណើរចុះត្រួតពិនិត្យនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងដឹកនាំគណៈប្រតិភូក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កងកម្លាំងទាំងបីប្រភេទ និងប្រធានមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបទៀត។

គូសបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដ៏ទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន។ គម្រោងនេះក៏បានគិតគូររៀបចំកែលម្អហេដ្ឋា រចនាសម្ព័ន្ធរូបវន្តទ្រទ្រង់លំហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋានរបស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀប រៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល។

ក្រៅពីនេះលោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារពិនិត្យពីវវឌ្ឍនភាពការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ពិនិត្យ ទីតាំងផែទូកទេសចរណ៍ស្ថិតនៅក្នុងកំពងផែស្វយ័ត ក្រុងព្រះសីហនុ , ចុះពិនិត្យស្ថានភាពចំណតរថយន្ត និងសួនច្បារនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យស្ថានភាពឆ្នេរព្រែកចាក ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងបន្តពិនិត្យវឌ្ឍនភាពសាលា បឋម សិក្សាស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម៕