
(ខេត្តស្ទឹងត្រែង)៖ លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ និង លោក រ៉ី នោរៀ អគ្គលេខាធិការរង នៃ សមាគម សម្ព័ន្ធយុវជន ដើម្បីសន្តិភាព នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានយកបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្ត ពន្លឺសាមគ្គី ឃុំស្រែគរ ស្ថិតក្នុង ភូមិស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នាឱកាសនោះ លោក បណ្ឌិត ឌីម សុខុន បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិ នូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអា
រាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោក បណ្ឌិត ឌីម សុខុន បានថ្លែងអំណរគុណ ដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី១នៅវត្តពន្លឺសាមគ្គី ឃុំស្រែគរ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៏ ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រនិងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។

លោកថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិស កុសលផលបុណ្យដែលកើតមកពីបុណ្យកាន់បិណ្ឌទី១នេះសូមឲ្យទទួលបានមគ្គផលស្មើៗគ្នា។

លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការ និង លោក រ៉ី នោរៀ អគ្គលេខាធិការរង នៃ សមាគម សម្ព័ន្ធ យុវជន ដើម្បីសន្តិភាព បាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន អង្ករ, មី,ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យ ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លា របស់អស់លោក-លោកស្រី សមាជិក សមាជិកាសមាគម និង សប្បុរសជនមួយចំនួនធំ ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្ត ពន្លឺសាមគ្គី ឃុំស្រែគរ ដើម្បីទុកសំរាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕





































