(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តី លោក Pedro Sanchez បាននិយាយនៅថ្ងៃចន្ទ ទី៨ ខែកញ្ញានេះថា អេស្ប៉ាញនឹងបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយការហាមឃាត់នាវា ក៏ដូចជាយន្តហោះ ដែលមានផ្ទុកអាវុធ ពីការចូលចតនៅកំពង់ផែ ឬហោះកាត់ដែនអាកាសរបស់អេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Sanchez និយាយទៀតថា អេស្ប៉ាញនឹងផ្តល់ជំនួយបន្ថែមទៅកាន់អាជ្ញាធរប៉ាឡេស្ទីន និងទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ហើយនឹងដាក់ទណ្ឌកម្មលើទំនិញ ដែលផលិតក្នុងតំបន់តាំងទីលំនៅរបស់អ៉ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីន។ លោក Sanchez គូសបញ្ជាក់ថា «យើងសង្ឃឹមថាវិធានការនេះ នឹងបន្ថែមសម្ពាធលើលោកនាយករដ្ឋមន្ត្រី Netanyahu និងរដ្ឋាភិបាលរបស់គាត់ ហើយជាការសម្រាលទុក្ខលំបាកមួយចំនួន សម្រាប់ប្រជាជនប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា អេស្បាញ ក៏មានគម្រោងហាមប្រាម អ្នកដែលបានចូលរួមដោយផ្ទាល់ នៅក្នុងអ្វីដែលលោក Sanchez ហៅថាជាអំពើប្រល័យពូជសាសន៍ មិនឱ្យចូលប្រទេសផងដែរ៕































