ធនាគារជាតិនៃកម្ពុជា និង UNDP រួមគ្នាងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនោះលោកស្រីបណ្ឌិត ជា សិរី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំង ជាតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា។ លោកស្រីបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងធនាគារជាតិនៃកម្ពុជា និង UNDP នាពេលកន្លងមក ជាពិសេសលើការស្រាវជ្រាវរួមគ្នា ការរៀបចំសន្និសីទកម្រិតខ្ពស់ និងការគាំទ្រនានា សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកស្រីបណ្ឌិត ក៏បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំថែមទៀតជាមួយ UNDP ផងដែរ។
ក្នុងនោះលោកស្រីបណ្ឌិត និងលោក អេនរីកូ ក៏បានឯកភាពគ្នាក្នុងការរៀបចំចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នាពេលខាងមុខ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត។



លោក អេនរីកូ បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកបំពេញការងារនៅកម្ពុជា និងតាំងចិត្តបន្តពង្រឹងមូលដ្ឋាននៃ កិច្ចសហប្រតិបត្តិការជាមួយ ធនាគារជាតិនៃកម្ពុជា លើគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទៀត។

ក្នុងនោះលោកក៏បានលើកឡើងពី ភាពជាដៃគូសហការល្អរវាងស្ថាប័នទាំងពីរ ជាពិសេសលើគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហិរញ្ញវត្ថុបៃតង និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម៕