ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ៖ កម្ពុជា-ថៃ ព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាព​តានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា នៅតាមព្រំដែន 

(កោះកុង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាព​តានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាស ​បង្ហាញលទ្ធផលកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC​) កម្ពុជា-ថៃ នៅខេត្តកោះកុង ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាព​តានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា»។

បើតាម នាយឧត្តមសេនីយ៍ ទៀ សីហា, ដើម្បីសម្រេចនូវគោលបំណងរួមគ្នារវាង កម្ពុជា-ថៃ ក្រុមការងារទាំងពីរនឹងជួបគ្នា ក្នុងរយៈពេល ៣សប្ដាហ៍បន្ទាប់ពីកិច្ចប្រជុំ ដើម្បីពិភាក្សាគ្នារៀបចំផែនការសកម្មភាពដែលមានលក្ខណៈជាក់ស្ដែង និងជាជំហ៊ានៗ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ផែនការនេះនឹងត្រូវធ្វើឡើង ក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នា ជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងឯកភាពគ្នា ក្នុងការបន្តប្រើប្រាស់យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ទៀតថា ការជួបប្រជុំគ្នានៅខេត្តកោះកុងនេះ ដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងដើម្បីដាក់ចេញនូវជំហានជាក់ស្តែងនានាដែលចាំបាច់ សំដៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ទន្ទឹមនេះ កិច្ចប្រជុំបានបង្ហាញពី លទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ចំនួន ៤ លើក ដែលបានប្រព្រឹត្តទៅកាលពីខែមុន រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា៕