
(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ឌីម សុខុម អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ និងជាប្រធាន សមាគមសម្ព័ន្ធ យុវជន ដើម្បីសន្តិភាព (ស.ស.យ.ស) លោក រ៉ី នោរៀ អគ្គលេខាធិការរង (ស.ស.យ.ស) លោក ហង្ស រ៉ាត់ ប្រធាន(ស.ស.យ.ស) សាខាខេត្តបន្ទាយមានជ័យ លោក គឹម សារឿន ប្រធាន(ស.ស.យ.ស)សាខាខេត្តកំពង់ធំ និង ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកនៃសមាគម សម្ព័ន្ធ យុវជន ដើម្បី សន្តិភាពទាំងអស់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមកាន់បិណ្ឌវេន៤ នៅវត្តខ្មែរពុទ្ធភូមិជាយដែន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីនាំយក ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់ព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់អង្គដែលកំពុងគង់នៅក្នុងវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនញាតិការទាំង៧សន្តាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។

លោក បណ្ឌិត ឌីម សុខុន អគ្គលេខាធិការនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានលើកឡើងថា វិស័យអាណាចក្រ និងពុទ្ធចក្រនៅកម្ពុជា គឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ។ ក្នុងនោះដែរ វិស័យព្រះពុទ្ធសាសនារីកចម្រើនលូតលាស់ទៅបាន គឺអាស្រ័យដោយប្រជាពុទ្ធបរិស័ទមានជីវភាពល្អប្រសើរ និងរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាព ទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលាទៅតាមគន្លងប្រពៃណីពីជីដូនជីតា បានពេញលេញដោយគ្មានក្ដីបារម្ភ។

លោកបណ្ឌិត បានបន្តថា ជាក់ស្ដែងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ដែលជាឱកាសអាចឱ្យប្រជាពលរដ្ឋគ្រប់រូប អាចបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម និងបញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផលផ្សេងៗរបស់ប្រជាជនខ្មែរ ក្នុងការផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សាសម្តែងនូវភាពកតញ្ញូកតវេទី។
ជាមួយនេះ លោកបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ក៏ជាពិធីដែលជួយដាស់តឿនស្មារតីដល់មនុស្សគ្រប់រូប កុំឱ្យមានសេចក្ដីប្រមាទក្នុងការធ្វើអំពើបាបនានា ព្រមទាំង ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជន និងពពួកញាតិ សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង៕
































