លោក Maduro ហៅសកម្មភាពរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទូកវ៉េណេស៊ុយអេឡាថាជា «ការឈ្លានពាន»

(ការ៉ាកាស)៖ ប្រធានាធិបតី លោក Nicolas Maduro បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឧប្បត្តិហេតុថ្មីៗរវាងប្រទេសរបស់លោកជាមួយសហរដ្ឋអាមេរិក គឺជាការឈ្លានពានដោយសហរដ្ឋអាមេរិក មិនមែនជាភាពតានតឹងនៃប្រទេសទាំងពីរឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥។

រដ្ឋបាលលោក ត្រាំ បានបង្កើនវត្តមានយោធាអាមេរិក នៅតំបន់ Caribbean ភាគខាងត្បូង ក្នុងបំណងបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀន។ ថ្មីៗនេះយោធាអាមេរិក បានធ្វើប្រតិបត្តិការបង្រ្កាបទូកវ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថាមានដឹកគ្រឿងញៀន និងបានសម្លាប់អ្នកនៅលើទូកផងដែរ។

អំឡុងសន្និសីទសារព័ត៌មាន ចូលរួមដោយមេទ័ពកំពូលៗ និងក្រុមមន្ត្រី លោក Maduro គូសបញ្ជាក់ថា «នេះមិនមែនជាភាពតានតឹងទេ។ វាគឺជាការឈ្លានពានគ្រប់ទម្រង់ ដូចជានៅពេលពួកគេដាក់ទោសយើងតាមរយៈតុលាការ ការឈ្លានពានផ្នែកនយោបាយ ជាមួយនិងសេចក្តីថ្លែងការណ៍គំរាមកំហែងប្រចាំថ្ងៃ ការឈ្លានពានផ្នែកការទូត និងជាបន្តបន្ទាប់នៃចរិតលក្ខណៈយោធារបស់ពួកគេ»។ លោកបន្ថែមថា «ការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលអាមេរិក ត្រូវបានបោះចោល។ បោះចោលដោយខ្លួនគេ ជាអ្នកគំរាមកំហែង និងសេណារីយូកាប់សម្លាប់របស់ពួកគេ»

គួរបញ្ជាក់ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលបានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងការពារប្រទេស បានអះអាងថា អ្នកដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តការរបស់យោធាអាមេរិក គឺគ្មាននរណាម្នាក់ជាសមាជិកក្រុមជនអន្ធពាល Tren de Aragua ដូចការចោទប្រកាន់នោះទេ៕