ស៉ីរី និងអ៉ីស្រាអែល កំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ដោយសារសម្ពាធពីអាមេរិក

(ដាម៉ាស)៖ ប្រភពមួយចំនួនបានប្រាប់ Reuters ថា ក្រោមសម្ពាធពីសហរដ្ឋអាមេរិក ស៉ីរីកំពុងពន្លឿនការពិភាក្សាជាមួយអ៉ីស្រាអែល សម្រាប់កិច្ចព្រមព្រៀងសន្តិសុខមួយ ដែលទីក្រុងដាម៉ាសរំពឹងថា នឹងអាចយកដីធ្លីរបស់ខ្លួនដែលត្រូវ​​អ៉ីស្រាអែលរឹបអូស​នាពេល​ថ្មីៗ​ ត្រឡប់មកវិញ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៥។

តាមប្រភពដែលរួមមានទាំងមន្ត្រីយោធា និងអ្នកនយោបាយស៉ីរី ចារកម្ម និងមន្ត្រីអ៉ីស្រាអែល ស៉ីរីចង់ឱ្យមានការធានាថា អ៉ីស្រាអែលដកកងទ័ពចេញពីទឹកដីដែលរឹបអូសបាន ដើម្បីស្ដារតំបន់គ្មានយោធាក្រោមព្រមព្រៀងបទឈប់បាញ់ឆ្នាំ ១៩៧៤ បញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស និងការវាយលុកថ្មើរជើងចូលទៅក្នុងប្រទេសស៉ីរី។ តាមមន្រ្តីអ៉ីស្រាអែល មេដឹកនាំអាមេរិកចង់បង្ហាញពីភាពជោគជ័យដ៏សំខាន់ នៅក្នុងនយោបាយការទូតមជ្ឈិមបូព៌ា ហើយកំពុងដាក់សម្ពាធលើស៉ីរី ឱ្យពន្លឿនកិច្ចព្រមព្រៀងសន្តិសុខ។ ចំណែកអ៉ីស្រាអែល​ មិន​បានផ្តល់សម្បទាន​អ្វីច្រើន​ឡើយ។

គួរបញ្ជាក់ថា ស៉ីរី និងអ៉ីស្រាអែល មានបញ្ហាប្រវត្តិសាស្រ្តនឹងគ្នា ចាប់តាំងពីការបង្កើតប្រទេសអ៉ីស្រាអែល ក្នុងឆ្នាំ ១៩៤៨មកម្ល៉េះ ទោះបីជាមានបទឈប់បាញ់តាមកាលកំណត់ក៏ដោយ។ ស៉ីរីមិនដែលទទួលស្គាល់អ៉ីស្រាអែល ថាជាប្រទេសមួយនោះទេ។ បន្ទាប់ពីរាប់ខែនៃការទន្ទ្រានចូលទៅក្នុងតំបន់គ្មានយោធា អ៉ីស្រាអែលបានបោះបង់ចោលបទឈប់បាញ់ឆ្នាំ ១៩៧៤ វាយប្រហារលើទីតាំងយោធាស៉ីរី និងបានបញ្ជូនកងទ័ពថ្មើរជើងចូលទៅជម្រៅ ១០គីឡូម៉ែត្រពីទីក្រុង Damascus។

ទីក្រុងវ៉ាស៉ីនតោន កំពុងជំរុញឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ទាន់ពេលដែលពេលមេដឹកនាំពិភពលោកជួបគ្នា ក្នុងទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ​ នាចុងខែនេះ ដើម្បីបើកផ្លូវឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីលទ្ធផលថ្មីៗ។ សូម្បីតែកិច្ចព្រមព្រៀងតូចមួយ ក៏អាចចាត់ទុកជាសមិទ្ធផលធំបានដែរ ដោយសារតែគោលជំហរដ៏តឹងតែងរបស់អ៉ីស្រាអែល ក្នុងការចរចាជាច្រើនខែមកនេះ និងជំហរចុះខ្សោយរបស់ស៉ីរី៕