រដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ លើវិស័យកសិកម្ម

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្ម ជាមួយគណៈប្រតិភូរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្តីការអភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី នៅទីស្តីការក្រសួង ក្រោមវត្តមានពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

ជំនួបនេះធ្វើឡើង ដើម្បីសិក្សា និងស្វែងយល់ ក្នុងការទិញស្រូវ និងអង្ករពីកម្ពុជា ដោយកន្លងមក រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ បានទិញចូលអង្ករប្រមាណជិត២០ ម៉ឺនតោន តាមរយៈក្រុមហ៊ុនផ្ដាច់មុខ Bernas ម៉ាឡេស៊ី ,សិក្សាការវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ ទំនើប ដើម្បីធ្វើការនាំអង្ករទៅម៉ាឡេស៊ី និងទីផ្សារអន្តរជាតិ និងសិក្សាវិនិយោគរោងចក្រកែឆ្នៃវេចខ្ចប់គ្រាប់ស្វាយចន្ទី ដើម្បីធ្វើការនាំទៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ម៉ាឡេស៊ី និងទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះ និងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងរដ្ឋសហព័ន្ធសារ៉ាវ៉ាក់។

លោករដ្ឋមន្ត្រី ក៏បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃភាគីទាំងពីរ។

កិច្ចប្រជុំបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា កម្ពុជា និងរដ្ឋសហព័ន្ធសារ៉ារ៉ាក់ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេសុីក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕