រដ្ឋបាលខេត្តកោះកុងធ្វើការដុតកម្ទេចចោលនៅសាច់បង្កករបស់ថៃ និងទំនិញមួយចំនួនទៀតប្រគល់ទៅអោយគយ

កោះកុង÷ សាច់បង្កកមួយទូកដែលក្រុមឈ្មួញដឹកចេញពីប្រទេសថៃ ចូលមកកាន់កម្ពុជាតាមច្រកទឹក ហើយត្រូវបានសមត្ថកិច្ចនគរបាលវីរៈព្រំដែនទឹក និងប៉ុស្តិ៍ព្រំដែនទឹក មាត់ពាមព្រែកកោះយ៉ស្ទាក់ចាប់បាននៅចំណុចមាត់ពាមក្រសោប ស្ឋិតក្នុងឃុំព្រាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៣:៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខណៈដែលក្រុមឈ្មួញបង្វែរប្តូរទីតាំងឡើងទំនិញ នៅក្រោមរូបភាពនៃការលាក់បាំង និងការបំភាន់ភ្នែកពីមហាជន ។

ក្រោយពីសមត្ថកិច្ចឃាត់ចាប់ឆែករកឃើញសាច់បង្កកជាច្រើនកេះ ប្រគល់ជូនជំនាញ និងថ្នាក់ខេត្តធ្វើការដុតកម្ទេចចោលរួមមាន÷ ១- ក្តាមបង្កកចំនួន ៥ កេស។ ២-ស្លាប់មាន់និងជង្គង់មាន់បង្កកចំនួន ១២ កេស។

ដោយឡែកក្តាមសក ចំនួន ១៩ កេសតូច និង ១០ កេសធំ ត្រូវបានថ្នាក់ដឹកនាំខេត្តចាក់លែងក្នុងព្រែកកោះប៉ោ ១កេស និង ២៨ កេសទៀត ប្រគល់ឱ្យជំនាញយកទៅលែងនៅតំបន់ព្រៃកោងកាងបាងកាយ៉ាក។

ដោយឡែកថ្នាំពណ៌កំប៉ុងដែកចំនួន ៧ កេះ ថ្នាំលាបប្រឆាំងច្រេះចំនួន ៥ កេះ ថ្នាំលាបប្រភេទ TK ចំនួន ៣ កេស ថ្នាំលាបប្រតិកម្ម ត្លូលូអីន ១០ កេស កាហ្វេកញ្ចប់ ១ កេស ស្លឹកក្រចមចំនួន ២ កេស សំបកដបទឹក ចំនួន ៤ កេស និងស្រោមដៃក្រណាត់ ១ បាវធំ បានប្រគល់ទៅឲ្យគយ ។

ចំណែកបុរសចំនួន៣នាក់ដែលជាកម្មករទូកខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញយកទៅសួរនាំ ដើម្បីចាត់ការតាមនិតិវិធី។

ទូកកន្ទុយវែងដែលដឹកសាច់បង្កកមកពីប្រទេសថៃខាងលើមិនមែនជាលើកទីមួយនោះទេ ពោលគឺចំនួន ១០ ជើងមកហើយ នេះបើតាមការបញ្ជាក់ពីកម្មករទូក។

គាត់បានឲ្យដឹងបន្ថែមទៀតថា គាត់ជាកម្មករស៊ីស្នួលដឹក
ពីម្ចាស់ ឈ្មោះ លោក ឌី ក្នុងមួយជើង ចន្លោះពីរ ១២០០០បាត ឬក៏អាចឈានទៅ ១៥០០០បាត។ ហើយពួកគាត់តាំងពីចាប់ផ្ដើមរកស៊ីដឹកបានចំនួន១០ជើងហើយ ដោយប្ដូរទីតាំងឡើងជាច្រើនកន្លែង ដូចជាទីតាំងកោះស្នេហ៍ ទីតាំងប៉ាក់ខ្លង និង ទីតាំងទួលគគីរ ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែសីហា សមត្ថកិច្ចប៉ុស្តិព្រំដែនទឹកមាត់ពាម ព្រែកកោះយ៉ បានធ្វើការឃាត់ទូកដឹកទំនិញមួយគ្រឿងចេញពីថៃមកកាន់ទីរួមខេត្តកោះកុង និងធ្វើការប្រគល់ជូនសមត្ថកិច្ចជំនាញ ធ្វើការដោះស្រាយ ក្រោយជំនាញគយ បានអោយម្ចាស់ទំនិញធ្វើការបង់ពន្ធជាធម្មតា ។

ប៉ុន្តែម្តងនេះក៏មិនខុសគ្នាពីលើកមុនប៉ុន្មានដែរ ដោយទំនិញមួយចំនួនត្រូវបានប្រគល់ជូនសមត្ថកិច្ខគយ ដើម្បីបន្តនិតិវិធី បើទោះបីជារាជរដ្ឋាភិបាល បានដាក់បទបញ្ជាយ៉ាងម៉ឺតម៉ាត់ អោយមានការទប់ស្កាត់នូវរាល់ទំនិញ ដែលក្រុមឈ្មួញដឹកចេញពីប្រទេសថៃ ចូលមកកាន់កម្ពុជា តែសកម្មភាពរំលោភបំពានពីក្រុមឈ្មួញ ហាក់នៅតែបន្តសកម្មភាពលួចលាក់នាំចូលមកតាមជើងទឹក ជាបន្តបន្ទាប់ ។

មហាជនបានដាក់ជាសំណួរសួរថា: ស្របពេលច្រកព្រំដែនគោកត្រូវបានបិទមិនឲ្យនាំទំនិញថៃចូលមកកម្ពុជា ចុះហេតុអ្វីតាមជើងទឹកក្រុមឈ្មួញនាំទំនុំថៃចូលមកជាបន្តបន្ទាប់បែបនេះបាន? ហើយការដុតនូវទំនិញសៀមទាំងនេះ ម៉េចក៏មិនដុតកំទេចចោលទាំងអស់ទៅ ហេតុអ្វីបានជាដុតខ្លះទុកខ្លះប្រគល់ឱ្យគយទៅវិញ? ឬក៏គយនៅស្តាយទំនិញរបស់ចោសៀមទាំងនេះ?។

មហាជនជាច្រើនសាទរនូវការបង្រ្កាបនូវរាល់បទល្មើសនានា ដែលចេញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកគាត់សង្ឃឹមថា ជំនាញអាចនិងស្រាវជ្រាវវែកមុខក្រុមឈ្មួញដែលលួចនាំទំនិញថៃចូលកម្ពុជាមកធ្វើការផ្តន់ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីកុំអោយត្រីងៀតមួយចំនួនទៀតនូវលួចឆ្លៀតពងបានបន្តទៅទៀត៕ ដោយ សេន ពិសិដ្ឋ