លោក ត្រាំ ថាចិនមិនចង់វាយប្រហារលើតៃវ៉ាន់ទេ និងមានគម្រោងធ្វើទស្សនកិច្ចទៅចិននៅឆ្នាំក្រោយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២០ ខែតុលា បានបង្ហាញជំនឿចិត្តថាចិននឹងមិនវាយប្រហារលើតៃវ៉ាន់នោះទេ ហើយរូបលោកផ្ទាល់សង្ឃឹមថា នឹងរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅចុងខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅឯសេតវិមាន និងជាការឆ្លើយតបទៅ នឹងការលើកឡើងពីការព្រួយបារម្ភពីការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់។ ដោយមិនបង្ហាញពីការប្ដេជ្ញាចិត្តការពារតៃវ៉ាន់ដោយប្រើកម្លាំងយោធា លោក ត្រាំ បានបន្ថែមថាប៉េកាំង បានដឹងយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនៅតែជាកំពូលមហាអំណាចយោធាបំផុតលេខនៅលើពិភពលោក។ លោក ត្រាំ​ ក៏បានបង្ហើបដែរថាលោកទទួលបានការអញ្ជើញឱ្យធ្វើទស្សនកិច្ច ទៅប្រទេសចិននៅដើមឆ្នាំក្រោយ ហើយរំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ស៊ី ជីនពីង នៅពេលមេដឹកនាំទាំង២ ជួបគ្នានៅកូរ៉េខាងត្បូងនាចុងខែតុលា។

គួរបញ្ជាក់ថា ជំនួបនៅកូរ៉េខាងត្បូងប្រសិនបើកើតឡើងតាមការគ្រោងទុកមែន នោះវានឹងក្លាយជាកិច្ចប្រជុំជាលើកដំបូងរវាងលោក​ ត្រាំ និងលោក ស៊ី ជីនពីង ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករាមក៕