(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីកិច្ចសហការត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន អំពីវឌ្ឍនភាពស្តីពី «ការធ្វើឌីជីថលនៃការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា» នៅខេត្តព្រះសីហនុ។

ជំនួបនេះរៀបចំឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពី លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល, លោកស្រី Meghna Singh ប្រធានកម្មវីធី តំណាងពីសហភាពអឺរុប (EU), លោក Norberto Estepa ទីប្រឹក្សាបច្ចេកទេស គ្រប់គ្រងគម្រោងជលផល នៃអង្គការ FAO និងក្រុមការងារពាក់ព័ន្ធរបស់អង្គការ FAO និងក្រុមការងារព័ត៌មាននៃក្រសួងកសិកម្ម។

នៅក្នុងជំនួបនេះ កញ្ញា អ៉ឹម រចនា បានថ្លែងអំណរគុណដល់អង្គការ FAO និងសហភាពអឺរុប ដែលបានសហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលជលផល ដើម្បីដឹកនាំអ្នកសារព័ត៌មាន និងអង្គការស្ថាប័នពាក់ព័ន្ធ ចុះធ្វើទស្សនកិច្ចផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS និងអត្ថប្រយោជន៍របស់VMS សម្រាប់ការគ្រប់គ្រងជលផលសមុទ្រប្រកបដោយចីរភាព និងការយល់ដឹងពីការប្រើប្រាស់ឧបករណ៍ឌីជីថលនេះនៅតំបន់សមុទ្រ។

មន្ត្រីជាន់ខ្ពស់រូបនេះ សង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សាដែលគ្រោងរៀបចំនៅចុងឆ្នាំនេះ នឹងទទួលបានការចូលរួមកាន់តែផុលផុស ពីសំណាក់អ្នកសារព័ត៌មាន ដែលមានឱកាសចុះទៅដល់ទីតាំងផ្ទាល់ ជួបសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធរួមមាន៖ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អ្នកនេសាទ ម្ចាស់នាវា ប្រតិបត្តិករ ដៃគូសហការទាំងអស់ ដើម្បីរួមគ្នាបង្ហាញពីលទ្ធផលនៃការបំពាក់ប្រព័ន្ធ VMS នៅលើនាវា ដែលមានសមត្ថភាពត្រួតពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងធានាបាននូវការនេសាទអនុលោមទៅតាមស្តង់ដាអន្តរជាតិ៕

































