លោក ត្រាំ គំរាមជាថ្មីថាក្រុមហាម៉ាសនឹងត្រូវបានរលាយចោលទាំងស្រុង បើបំពានបទឈប់បាញ់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២០ ខែតុលា បានគំរាមជាថ្មីថាក្រុមហាម៉ាសនឹងត្រូវបានរំលាយចោលទាំងស្រុង ប្រសិនបើហ៊ានតែបំពានលើបទឈប់បាញ់ជាមួយ អ៉ីស្រាអែល ខណៈហាម៉ាស និងអ៉ីស្រាអែលទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន អំឡុងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស លោក ត្រាំ បាននិយាយថាកងទ័ពអាមេរិកនឹងមិនចូលរួមក្នុងប្រតិបត្តិការថ្មី ណាមួយនោះទេ ជាមួយការសង្កត់ធ្ងន់ថាមានប្រទេសជាច្រើនបានប្ដេជ្ញាចិត្តរួចហើយចំពោះការបញ្ជូនកងទ័ពឱ្យចូលរួមកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិមួយក្នុងតំបន់ហ្កាហ្សា។ លោក ត្រាំបន្ថែមថាឱ្យតែ លោកស្នើសុំ អ៉ីស្រាអែលនឹងចូលទៅកម្ទេចហាម៉ាសភ្លាម តែពេលនេះលោកមិនចង់ធ្វើបែបនេះឡើយ ពីព្រោះលោកចង់ទុកឱកាសបន្តិចបន្តួច និងសង្ឃឹមថាអំពើហិង្សានឹងថមថយចុះ។

គួរបញ្ជាក់ថា បើតាមលោក ត្រាំ បច្ចុប្បន្ន ក្រុមហាម៉ាសបានចុះទន់ខ្សោយយ៉ាងខ្លាំង និងអះអាងថាអ៉ីរ៉ង់ដែលជាអ្នកគាំទ្រចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះទំនងជាមិនហ៊ានធ្វើអន្តរាគមន៍អ្វីទេ ក្រោយ រងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីប៉ុន្មានខែមុន។ បើតាមក្រុមមន្ត្រីប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា អំពើហិង្សាបានផ្ទុះឡើងជាច្រើនលើកចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ សម្របសម្រួលដោយសហរដ្ឋអាមេរិកចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា ដោយមានជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៩៧នាក់ត្រូវបានសម្លាប់៕