ប្រមុខចារកម្មរុស្ស៉ី៖ ពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយ ចាប់តាំងពីសង្រ្គាមលោកលើកទី២

(Reuters)៖ ប្រមុខចារកម្មរុស្ស៉ី SVR លោក Sergei Naryshkin បាននិយាយថាពិភពលោកសព្វថ្ងៃកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយដែលតម្រូវឱ្យមានឆន្ទៈក្នុងការសម្រុះសម្រួលគ្នាដើម្បី បញ្ចៀសកុំឱ្យសង្រ្គាមលោកថ្មីណាមួយផ្ទុះឡើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់ខាងលើរបស់លោក Sergei Naryshkin ត្រូវបានស្រង់សម្ដីចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃអង្គារ ទី២១ ខែតុលា។ លោក Naryshkin បានគូសបញ្ជាក់ថា «ពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយបំផុត ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក ក្នុងបរិបទនៃការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក»។ លោកបន្តថាបច្ចុប្បន្ន បណ្ដាប្រទេស មហាអំណាចធំៗរបស់ពិភពលោក កំពុងប្រជែងគ្នាដើម្បីកំណត់ច្បាប់នៃអនាគតសណ្ដាប់ធ្នាប់ពិភពលោក។

គួរបញ្ជាក់ថា លោក Naryshkin ក៏បានគូសបញ្ជាក់ឡើងវិញផងដែរពីជំហររបស់វិមានក្រឹមឡាំងដែលថារដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងបំផ្លាញដំណើរការស្វែងរក សន្តិភាពនៅអ៊ុយក្រែន។ រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕