អនុប្រធានាធិបតីអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សានោះទេ

(Kiryat Gat អ៉ីស្រាអែល)៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែតុលា ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សានោះទេ ដែលនេះជាការគូសបញ្ជាក់ឡើងវិញពីការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងក្រុមមន្ត្រីអាមេរិកជាច្រើនដងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Kiryat Gat ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនទៅកាន់ តំបន់ហ្កាហ្សានោះទេ។ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់រួចហើយ ហើយថ្នាក់ដឹកនាំយោធារបស់យើងក៏បានបញ្ជាក់ច្បាស់ៗរួចហើយដែរ»

គួរបញ្ជាក់ថា លោក JD Vance បានធ្វើដំណើរទៅដល់អ៉ីស្រាអែលកាលពីថ្ងៃអង្គារ ស្របពេលទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាមរក្សាស្ថិរភាពបទឈប់បាញ់ហ្កាហ្សាដំណាក់កាលដំបូង ហើយជំរុញ អ៉ីស្រាអែលព្រមទាំង​ក្រុមហាម៉ាស បន្តឆ្ពោះទៅដំណាក់កាលបន្ទាប់ទៀត នៃកិច្ចចរចាបញ្ចប់សង្រ្គាម។ មន្រ្តីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់ បានប្រាប់ថា គោលដៅនៃទស្សនកិច្ចរបស់លោក Vance គឺដើម្បីជំរុញកិច្ចចរចាហ្កាហ្សា ឆ្ពោះទៅរកដំណាក់កាលទី២ នៃបទឈប់បាញ់៕