កូរ៉េខាងត្បូង ស្វែងរកការដកទណ្ឌកម្មលើក្រុមហ៊ុន Hanwha Ocean ពីសំណាក់ចិន

(សេអ៊ូល)៖ ក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីចិន រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង លោក Yeo Han-koo បានស្នើឱ្យមានការដកទណ្ឌកម្មដែលចិនបានដាក់ មកលើក្រុមហ៊ុនសាងសង់នាវា Hanwha Ocean កាលពីពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ ២០២៥។

ក្រុមហ៊ុន Hanwha Ocean របស់កូរ៉េខាងត្បូងមួយនេះ ក៏មានភាគហ៊ុនរបស់អាមេរិកដែរ។ ទណ្ឌកម្មចិនលើក្រុមហ៊ុន Hanwha Ocean បានធ្វើឱ្យប៉ះពាល់ដល់គម្រោងសាងសង់នាវារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ការិយាល័យរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុងពេលជជែកគ្នាតាមទូរស័ព្ទនាថ្ងៃពុធនេះ លោក Yeo និងលោក Li Chenggang ក៏បានពិភាក្សាអំពីចំណាត់ការរឹតត្បិតរ៉ែកម្រ ដែលប៉េកាំងទើបនឹងបានដាក់ចេញផងដែរ៕