មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី បើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

(កោះកុង)៖ លោក ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ក្រោមវត្តមានលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត និងមន្ត្រីរាជការគ្រប់ស្ថាប័ន និងមន្ត្រីរាជការគ្រប់បណ្ដាស្រុកផងដែរ។ ពិធីនេះបានរៀបចំឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅសាលមហោស្រពខេត្ត។

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយោដី ក៏បានចុះបញ្ជីដីមានលក្ខណៈដាច់ដោយឡែកនៅលើដីឯកជននិងដីឯកជនរបស់រដ្ឋ សរុបចំនួន១៧១បណ្ណ។

លោកបានបន្តថា នៅឆ្នាំ២០២៤កន្លងទៅមន្ទីរអនុវត្តការងារវិស័យសំណង់ ដោយចេញលិខិតអនុញ្ញាតការងារសាងសង់ ១២គម្រោងលិខិតបើកការដ្ឋានសាងសង់ ៥ គម្រោងវិញ្ញាបនបត្រប្រកបអាជីវកម្មក្រុមជាងចំនួន ៣ ក្រុម និងការងារចុះត្រួតពិនិត្យសំណង់បាន ៥គម្រោង ហើយមន្ទីរក៍បានបញ្ហាប្រឈមផងដែរចំពោះដីមួយចំនួន មិនផ្ដល់ព័ត៌មានពីប្រវត្តិដីដោយសារធ្វើសំណាក់ស្រុកទៅធ្វើការនៅស្រុកឆ្ងាយភាគីជំទាស់ខ្វះឆន្ទៈសម្របសម្រួលដោះស្រាយប្រកាន់យកតែឈ្នះរៀងៗខ្លួន សំណង់ខ្លះគ្មានលិខិតអនុញ្ញាត នគររូបនីយប្បញ្ញាតិនិងលើផ្លូវសាធារណៈព្រែកអូរនិងប្រឡាយ។

លោកស្រី ឈី វ៉ា បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងាររបស់មន្ត្រីដែនដី ដែលបានសម្រេចបាននៅពេលនេះសំដៅដល់ការលើកកម្ពស់សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿនទៅថ្ងៃអនាគតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអនុវត្ត។ លោកស្រីអភិបាលខេត្ត នៅតែបន្តជំរុញដល់មន្ត្រីជំនាញពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់តាមផែនការរបស់ក្រសួងដែនដីឆ្នាំ២០២៥នេះ ហើយជំរុញឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធក៏ចាំបាច់ចូលរួមសហការសម្របសម្រួល និងប្រជាពលរដ្ឋដើម្បីឲ្យការងារស្នូលមួយសម្រេចតូចតាមការកំណត់ដែរ។

លោក ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានថ្លែងថា មន្ត្រីជំនាញទាំងអស់ត្រូវបំពេញកាតព្វកិច្ចអនុវត្តទៅតាមតួនាទីរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលាដែលគាត់មានឯកសារគ្រប់គ្រាន់ក្នុងការបញ្ជាក់ដីធ្លីរបស់ពួកគាត់។ ចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់សំណង់ សុទ្ធតែមានការកំណត់ពេលវេលាដល់ម្ចាស់សំណង់ក្នុងករណីបើសិនម្ចាស់សំណង់ដាក់ពាក្យហើយមិនទាន់មានការឆ្លើយតបយឺតយ៉ាវពីមន្ត្រីជំនាញនិងក្រសួងដែនដីម្ចាស់សំណង់ធ្វើសំណង់វាជាចំណុចខ្វះខាត របស់មន្ត្រីជំនាញដែលពុំបានដឹងគ្រប់ជ្រុងជ្រោយចំពោះឯកសារស្នើសុំ។

លោកក៏សូមឱ្យមន្ត្រីនៅតាមមូលដ្ឋានត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ អ្វីដែលអាចដោះស្រាយបានគឺដោះស្រាយនៅតាមមូលដ្ឋានរបស់ខ្លួនអ្វីដែលហួសពីដែនកំណត់របស់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើរបាយការណ៍មកខេត្តនិងក្រសួង។ លោកក៏បានកោតសរសើរដល់មន្ត្រីជំនាញនៃមន្ទីរដែនដីដែលបានខិតខំយកចិត្តទុកដាក់ ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕