(Reuters)៖ យោធាអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី២១ ខែតុលា បាននិយាយថាខ្លួនបានបើកការវាយប្រហារលើរោងចក្រគីមីមួយកន្លែងនៅក្នុងតំបន់ Bryansk ស្ថិតនៅភាគខាងត្បូងរុស្ស៉ី ដោយប្រើប្រាស់មីស៊ីលផលិតរួមគ្នាដោយបារាំង និងអង់គ្លេស Storm Shadow។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram ថា «ការវាយប្រហារទ្រង់ទ្រាយធំមួយដោយមានប្រើមីស៊ីល និងការវាយប្រហារ តាមផ្លូវអាកាសត្រូវបានធ្វើឡើង ក្នុងនោះរួមមានទាំងការវាយប្រហារដោយប្រើមីស៊ីល Storm Shadow ដែលបានទម្លុះប្រព័ន្ធការពារដែនអាកាសរុស្ស៉ី»។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹង ទៀតថាការវាយប្រហារខាងលើមានគោលដៅលើរោងចក្រដ៏សំខាន់មួយដែលផលិតគ្រាប់រំសេវ គ្រឿងផ្ទុះ និងឥន្ធនៈសម្រាប់គ្រាប់រ៉ុក្កែត»។ យោធាអ៊ុយក្រែនមិនបានលម្អិតពីទំហំខូចខាតនោះទេ ដោយគ្រាន់តែបង្ហើបថាការវាយតម្លៃកំពុងធ្វើឡើង។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអង្គារ បានឱ្យដឹងក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់កម្ទេចដ្រូនអ៊ុយក្រែន ៥៧គ្រឿង នៅក្នុងតំបន់ Bryansk តែមិនបានបញ្ជាក់ពីការខូចខាតអ្វីនោះទេ៕
































