(ម៉ាណាម៉ា)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ បានដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជាមួយចំនួន ចូលរួមពិធីបង្ហូតទង់ជាតិ ដើម្បីបង្ហាញពីការចូលរួមផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន មុនពិធីបើកផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ពិធីបង្ហូតទង់ជាតិនេះ បានធ្វើឡើងនៅ Beyon AL Dana Amphitheatre ក្រោមការរៀបចំរបស់ម្ចាស់ផ្ទះបារ៉ែន ដើម្បីបង្ហាញការស្វាគមន៍ និងផ្ដល់វត្ថុអនុស្សាវរីយ៍ ដល់ថ្នាក់ដឹកនាំប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ ចាប់ពីថ្ងៃទី២២-៣១ ខែតុលាខាងមុខ ខណៈប្រតិភូកីឡាកម្ពុជា ត្រូវបានដឹកនាំចូលរួមកម្មវិធីដោយលោកបណ្ឌិត ថោង ខុន ដើម្បីបង្ហាញពីការចូលរួមផ្លូវការរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា។

សូមរំឮកថា កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ក្នុងនោះមានកីឡា ២ប្រភេទ ដែលបានបញ្ចប់ការប្រកួតមុនពិធីបើកផ្លូវការ រួមមានកីឡាបញ្ចស៊ីឡាត់ (ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង) និងកីឡាបាល់ទាត់លើតុ (ពុំទទួលបានមេដាយ) ។ រីឯកីឡា ១២ប្រភេទទៀត ដែលបានធ្វើដំណើរទៅដល់ ក៏ដូចជាត្រៀមចាកចេញពីមាតុភូមិ ដើម្បីត្រៀមការប្រកួតតាមកាលបរិច្ឆេទរៀងៗខ្លួន រួមមានកីឡាអត្តពលកម្ម, ហែលទឹក, គុនខ្មែរ, គុនចម្រុះ, បាល់បោះ ៣ទល់៣ កីឡាតេក្វាន់ដូ WT, វាយសី, លើកទម្ងន់, វាយកូនឃ្លីលើតុ, ចំបាប់, យូដូ, និងកីឡាជឺជីតស៊ូ៕


































