(ញូវដេលី, ប៉េកាំង)៖ ជើងហោះហើរត្រង់រវាងឥណ្ឌា និងចិន ត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃអាទិត្យ ទី២៦ ខែតុលា បន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំ ដែលជាជំហានដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម និងជាសញ្ញាល្អមួយ ខណៈប្រទេសទាំងពីរកំពុងកសាងទំនាក់ទំនងដោយប្រុងប្រយ័ត្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ ២០២៥។

ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មធំជាងគេរបស់ឥណ្ឌា IndiGo បានដំណើរការជើងហោះហើរប្រចាំថ្ងៃលើកដំបូង ដោយចាកចេញពីទីក្រុង Kolkata នៅម៉ោង ១០យប់ថ្ងៃអាទិត្យ ទៅកាន់ទីក្រុង Guangzhou ប្រទេសចិន។ ក្រៅពីនេះ ក៏មានជើងហោះហើរជាទៀងទាត់រវាងឥណ្ឌា និងទីក្រុងហុងកុង ខណៈដែលសេវាកម្មបន្ថែមពីរដ្ឋធានីញូវដេលី ទៅកាន់ទីក្រុង Shanghai និង Guangzhou នឹងចាប់ផ្តើមក្នុងខែវិច្ឆិកា។
រដ្ឋាភិបាលឥណ្ឌានិយាយថា ការបន្តជើងហោះហើរឡើងវិញនឹងជំរុញ «ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» និងជួយឱ្យ «ការផ្លាស់ប្តូរទ្វេភាគីប្រែមកលក្ខណៈធម្មតាបន្តិចម្តងៗ»។ លោក Rajeev Singh ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រចាំទីក្រុង Kolkata បានប្រាប់ AFP ថា «ជើងហោះហើរទាំងនោះ នឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មនានា»។
គួរបញ្ជាក់ថា ឥណ្ឌា និងចិនដែលប្រទេសជិតខាងនឹងគ្នា ហើយមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក នៅតែជាគូប្រជែងជាយុទ្ធសាស្ត្រក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងបានធូរស្រាលបន្តិចម្តងៗ ចាប់តាំងពីការប៉ះទង្គិចគ្នាឆ្នាំ ២០២០ តាមព្រំដែននៃតំបន់ហិម៉ាឡៃ៕
































