(តូក្យូ)៖ សេតវិមាននៅថ្ងៃអង្គារ ទី២៨ ខែតុលា បានឱ្យដឹងថាសហរដ្ឋអាមេរិក និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ អំឡុងដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងតូក្យូដែលជាដំណើរទស្សនកិច្ចជើងទី២របស់លោកក្នុងតំបន់អាស៊ី ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ទៀតថាកម្មវត្ថុនៃកិច្ចព្រមព្រៀងខាងលើ នោះគឺដើម្បីជួយដល់ប្រទេសទាំង២ ក្នុងការសម្រេចឱ្យបាននូវភាពធន់ និងសន្តិសុខនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ។ ក្នុងនោះសហរដ្ឋអាមេរិក និងជប៉ុន នឹងចូលរួមក្នុងគម្រោងរួមគ្នា ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការតាមរយៈការប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ច និងការសម្របសម្រួលការវិនិយោគដើម្បីជំរុញ ការអភិវឌ្ឍការធ្វើពិពិធកម្ម និងដោះស្រាយគម្លាតនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ។ មិនតែប៉ុណ្ណោះ ប្រទេសទាំង២ក៏មានបំណងកៀងគរការគាំទ្រពីរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង នៅក្នុងខែតុលានេះបានប្រកាសពីការរឹតត្បិតលើការនាំចេញរ៉ែកម្រ ជាហេតុធ្វើឱ្យលោក ត្រាំ គំរាមដំឡើងពន្ធគយ ១០០ភាគរយលើទំនិញនាំចូលពីចិនជាការសងសឹក។ ក្រៅពី ជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី លោក ត្រាំ ក៏បានចុះកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ស្ដីពីរ៉ែកម្រផងដែរ៕
































