(Reuters)៖ តម្លៃប្រេង បានបន្តធ្លាក់ចុះនាថ្ងៃអង្គារ ទី២៨ ខែតុលានេះ ខណៈផែនការរបស់អង្គការ OPEC ដើម្បីបង្កើនទិន្នផលប្រេង បានចូលមកប៉ះប៉ូវស្ថានភាពមិនច្បាស់លាស់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤សេនទៀត គឺមកនៅត្រឹម ៦៥.៥៨ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate ធ្លាក់ចុះ ៩សេន គឺមកនៅត្រឹម ៦១.២២ដុល្លារក្នុងមួយបារ៉ែល។ ធនាគារ ANZ បានឱ្យដឹងថា ក្រុមពាណិជ្ជករបានថ្លឹងថ្លែងពីវឌ្ឍនភាពក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន និងទស្សនវិស័យទូលំទូលាយសម្រាប់ការផ្គត់ផ្គង់។
ដើម្បីរារាំងតម្លៃហក់ឡើង OPEC+ ដែលជាក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៉ី កំពុងងាកទៅរកការជំរុញទិន្នផលកម្រិតមធ្យមនៅខែធ្នូ បន្ទាប់ពីបានកាត់បន្ថយការផលិតអស់ជាច្រើនឆ្នាំ។ ក្រៅពីនេះទីផ្សារក៏រំពឹងទុកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនផងដែរ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង គ្រោងជួបគ្នានាថ្ងៃព្រហស្បតិ៍ នៅប្រទេសកូរ៉េខាងត្បូង៕
































