អាមេរិកបើកការវាយប្រហារ ៣លើកក្នុងថ្ងៃតែមួយ លើនាវាសង្ស័យដឹកគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិក, សម្លាប់មនុស្ស ១៤នាក់

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានប្រកាសថា យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារចំនួន ៣លើកកាលពីថ្ងៃចន្ទ ទៅលើនាវាដែលត្រូវបានសង្ស័យថា កំពុងដឹកគ្រឿងញៀន នៅឯមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដោយបានសម្លាប់មនុស្ស ១៤នាក់ និងបន្សល់ទុកអ្នករស់រានមានជីវិតម្នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងការប្រកាសមួយដែលធ្វើឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ លោក ហិចសេត បានគូសបញ្ជាក់ថា នេះគឺជាការកើនឡើងជាបន្តបន្ទាប់នៃប្រតិបត្តិការវាយប្រហារ ហើយក៏ជាលើកទីមួយផងដែរ ដែលការវាយប្រហារជាច្រើនលើកត្រូវបានប្រកាសក្នុងថ្ងៃតែមួយ។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារចុងក្រោយបង្អស់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អាមេរិក។ នៅក្នុងការវាយប្រហារមួយកាលពីដើមខែតុលា ដែលមានអ្នករស់រានមានជីវិតពីរនាក់ យោធាសហរដ្ឋអាមេរិកបានជួយសង្គ្រោះពួកគេ ហើយក្រោយមកបានបញ្ជូនពួកគេត្រឡប់ទៅប្រទេសកូឡុំប៊ី និងអេក្វាឌ័រវិញ៕