រដ្ឋមន្ត្រីកាពារជាតិអាមេរិក បំពេញទស្សនកិច្ចនៅតំបន់គ្មានយោធាកូរ៉េ មុនកិច្ចពិភាក្សាលើការផ្លាស់ប្តូរតួនាទីកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានបំពេញទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េទាំងពីរកាលពីថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង មុនពេលកិច្ចពិភាក្សាដែលគេរំពឹងថានឹងផ្តោតលើគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្លាស់ប្តូរតួនាទីកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក អាន គ្យូប៊ែក (Ahn Gyu-back) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ហិចសេត ទៅកាន់តំបន់ DMZ នេះ «មានសារៈសំខាន់ជានិមិត្តរូប និងជាការប្រកាសជំហរ ដែលបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក»។ មេបញ្ជាការការពារជាតិទាំងពីរ គ្រោងនឹងបើកកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខប្រចាំឆ្នាំនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។

ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាធ្វើឱ្យតួនាទីរបស់កងទ័ពអាមេរិកចំនួន ២៨,៥០០នាក់នៅកូរ៉េខាងត្បូង កាន់តែមានភាពបត់បែន ដើម្បីអាចប្រតិបត្តិការនៅក្រៅឧបទ្វីបកូរ៉េ ក្នុងគោលបំណងឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែទូលំទូលាយ ដូចជាការការពារតៃវ៉ាន់ និងទប់ទល់នឹងការពង្រីកឥទ្ធិពលយោធារបស់ចិន។ ទោះជាយ៉ាងណា កន្លងមកកូរ៉េខាងត្បូងបានប្រឆាំងនឹងគំនិតនៃការផ្លាស់ប្តូរតួនាទីកងទ័ពអាមេរិកនេះ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងគ្រោងនឹងបង្កើនថវិកាការពារជាតិដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់ឆ្នាំ២០២៦ ដែលមួយផ្នែកគឺដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន បង់ប្រាក់បន្ថែមទៀតសម្រាប់វត្តមានយោធាអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ៕