
(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឋិកា ឆ្នាំ២០២៥ ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ២០ម៉ឺននាក់ (១៩៥.៦៩១នាក់) កើនឡើង ៥០,៩៧% បើប្រៀបធៀបឆ្នាំ២០២៤។

ក្នុងរយៈពេល៣ថ្ងៃនេះ ទទួលបានទេសចរជាតិ ចំនួន ១៩៤.២០៤នាក់ និងភ្ញៀវបរទេស ចំនួន ១.៤៨៧នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បញ្ជាក់ទៀតថា ស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍គោលដៅ និងសេវាកម្មទេសចរណ៍នានា បានប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកំពត នៅតែមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់៕





































