សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗ ៨ចំណុច ដើម្បីឱ្យស្ថានភាពអនាម័យជនបទនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ៨ចំណុច ដើម្បីឱ្យស្ថានភាពអនាម័យជនបទនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងឈានទៅសម្រេចបាននូវគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ឆ្នាំ២០២៥ ដែលទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖

ទី១៖ បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ តាមរយៈយន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ។

ទី៣៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល រៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពវិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ដើម្បីប្រើប្រាស់ជាឯកសារគតិយុត្ត និងជាផែនទីបង្ហាញផ្លូវក្នុងការងារលើកកម្ពស់ អនាម័យជនបទ។

ទី៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍនិងវិស័យឯកជន ព្រមទាំងសប្បុរសជននានាលើការងារលើកកម្ពស់អនាម័យជនបទ។

ទី៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងយន្តការគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្តប់អនាម័យជនបទឱ្យកាន់តែមានភាពច្បាស់លាស់ និងប្រកបដោយភាពជឿជាក់សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៦៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹង ការងារលើកកម្ពស់អនាម័យជនបទដែលសមស្រប និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព និងចីរភាព។

ទី៧៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាព ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត មូលដ្ឋាន ដើម្បីរក្សាបាននូវនិរន្តរភាព និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។

ទី៨៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតចំពោះ ក្រុមងាយរងគ្រោះ គ្រួសារក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបានសេវាអនាម័យកាន់តែប្រសើរឡើង។

បន្ថែមពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមយ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយ ចិត្តក្នុងការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យស្ថានភាពអនាម័យជនបទនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕