រុស្ស៉ីចេញមុខនិយាយការពារ ការបាញ់មីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង ខណៈកូរ៉េខាងត្បូងថ្កោលទោស

(មូស្គូ)៖ វិមានក្រឹមឡាំង បានចេញមុខនិយាយការពារ ការបាញ់មីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយលើកឡើងថា ទីក្រុងព្យុងយ៉ាង ដែលបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៉ី អំឡុងសង្រ្គាមអ៊ុយក្រែន មានសិទ្ធិស្របច្បាប់ ដើម្បីធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «យើងមានការគោរពចំពោះសិទ្ធិស្របច្បាប់របស់មិត្តយើង នៅឯកូរ៉េខាងជើង ក្នុងធានាសន្តិសុខរបស់ពួកគេ និងក្នុងការចាត់វិធានការដើម្បីធ្វើបែបនោះ»។ កាលពីពាក់កណ្តាល ឆ្នាំ២០២៤ រុស្ស៉ីនិង​កូរ៉េខាងជើង បានចុះសន្ធិសញ្ញាជួយការពារគ្នាទៅវិញទៅមក ហើយទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពខ្ទង់ម៉ឺននាក់ មកជួយរុស្ស៉ីវាយ​បណ្តេញកងកម្លាំងរបស់អ៊ុយក្រែន ចេញពីតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់មីស៉ីលបាលិស្ទីគយ៉ាងហោច១គ្រាប់ ដែលធ្វើឡើងចេញពីឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ ហើយបានទទូចឱ្យប្រទេសជិតខាងខ្លួនមួយនេះ ឈប់ធ្វើសកម្មភាព​ ដែលបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។