(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានចោទប្រកាន់លើអ៉ីរ៉ង់ថា បានព្យាយាមធ្វើឃាតឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសម៉ិកស៉ិក ប៉ុន្តែទីក្រុងតេហេរ៉ង់ បានច្រានចោលការចោទប្រកាន់នេះថា ជារឿងភូតកុហកដ៏ធំ ហើយរដ្ឋាភិបាលម៉ិកស៉ិក និយាយថា ខ្លួនមិនបានដឹងអំពីករណីនេះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្រ្តីទីក្រុងវ៉ាស៉ីនតោន បានអះអាងថា កងកម្លាំងពិសេស Quds Force របស់អ៉ីរ៉ង់ បានផ្តើមគម្រោងធ្វើឃាតខាងលើ កាលពីចុងឆ្នាំ២០២៤ បន្ទាប់ពីអ៉ីស្រាអែល កាលពីខែមេសា ឆ្នាំដដែលនោះ បានវាយប្រហារលើស្ថានទូតអ៉ីរ៉ង់នៅទីក្រុងដាម៉ាសនៃប្រទេសស៉ីរី សម្លាប់មន្រ្តីជាន់ខ្ពស់ប៉ុន្មានរូបនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ប៉ុន្តែវាត្រូវបានទប់ស្កាត់ក្នុងឆ្នាំនេះ។
បើតាមអ៉ីស្រាអែល អាជ្ញាធរម៉ិកស៉ិក បានធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការប៉ុនប៉ងធ្វើឃាត ឯកអគ្គរដ្ឋទូតរបស់ខ្លួន គឺលោកស្រី Einat Kranz-Neiger។ ប៉ុន្តែក្រោយមក ក្រសួងការបរទេសម៉ិកស៉ិក បានចេញមុខនិយាយថា ខ្លួនពុំបានទទួលព័ត៌មានអ្វី ស្តីពីឧប្បត្តិហេតុ ដែលត្រូវបានអះអាងនេះឡើយ។ ដោយឡែក ស្ថានទូតអ៉ីរ៉ង់ប្រចាំម៉ិកស៉ិក បានច្រានចោលការចោទប្រកាន់ថា ជារឿងភូតកុហកដ៏ធំមួយ។
គួរបញ្ជាក់ថា ជាយូរមកហើយ ម៉ិកស៉ិកព្យាយាមមិនលូកលាន់ក្នុងបញ្ហាអន្តរជាតិទេ ហើយបានប្រកាន់ជំហរប្រុងប្រយ័ត្ន ជុំវិញបញ្ហាសង្រ្គាមនៅហ្កាហ្សា ជាងប្រទេសអាមេរិកឡាទីនដទៃទៀត។ ម៉ិកស៉ិកបានចូលរួមគាំទ្រការស៉ើបអង្កេតលើ ការចោទប្រកាន់ថា អ៉ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ប៉ុន្តែទន្ទឹមគ្នានៅរក្សាទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ដែលត្រូវបានបង្កើតឡើងតាំងពីរាប់ទសវត្សរ៍កន្លងមក ហើយភាគច្រើនគឺជាទំនាក់ទំនងរាក់ទាក់ល្អជាមួយគ្នា៕
































