រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះចែកពូជស្រូវដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ ២៩៩គ្រួសារ ក្នុងស្រុកចំនួន៥ នៅខេត្តតាកែវ

(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះចែកពូជស្រូវជូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន ២៩៩គ្រួសារ នៅស្រុកចំនួន៥ ក្នុងខេត្តតាកែវ។

ពិធីនេះ រៀបចំធ្វើឡើងនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ និងដោយមានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តតាកែវផងដែរ។

លោក វ៉ី សំណាង បានថ្លែងថា សម្រាប់ខេត្តតាកែវកាលបង្កបង្កើនផលស្រូវរដូវវស្សា និងរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវ មានការកើនឡើងទៅតាមផែនការដែលបានគ្រោងទុក ហើយនៅរដូវវស្សាកន្លងទៅនេះស្រូវរបស់ប្រជាកសិករមួយចំនួន ត្រូវបានរងគ្រោះដោយសារទឹកជំនួនភ្លៀង ក៏ប៉ុន្តែអាជ្ញាធរខេត្តជាពិសេសរាជរដ្ឋាភិបាល និងក្រសួងកសិកម្មបានយកចិត្តទុកដាក់ចុះជួយបងប្អូនបានទាន់ពេលវេលា។

លោក ឌិត ទីណា បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់ប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

លោក បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្មក្នុងការជួយកសិករ ដែលរងគ្រោះសារទឹកជំនន់ និងបានស្វះស្វែងរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករផងដែរ។ បើទោះបីជាតម្លៃស្រូវមានការធ្លាក់ចុះក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការជួយកសិករ ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមក្នុងការផលិតឱ្យមានតម្លៃទាប ដូចជាជីកសិកម្ម និងថ្នាំបាញ់សម្លាប់សត្វល្អិតជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការលក់ស្រូវរបស់កសិករនៅតែមានផលចំណេញ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងពី កម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករផងដែរ។

សូមជម្រាបថា ពូជស្រូវចំនួនប្រមាណ ៣០តោន ត្រូវបានចែកជូនដល់ប្រជាកសិករទៅរោងការប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងស្រុកចំនួន ៥របស់ខេត្តតាកែវចំនួន ២៩៩គ្រួសារ៕