ព្រឹកនេះស្ថានភាពនៅភូមិព្រៃចាន់ ស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធទៀតនោះទេ បន្ទាប់ពីយោធាថៃបាញ់ប្រហារ២លើក លើប្រជាជនស៉ីវិលកម្ពុជា បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ កាលពីម្សិលមិញ

(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ផ្ទាល់ពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពនៅភូមិព្រៃចាន់ ទីដែលយោធាថៃបើកការបាញ់ប្រហារយ៉ាងកំរោល មកលើប្រជាជនស៉ីវិលស្លូតត្រង់កម្ពុជា បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញ, គិតត្រឹមត្រឹមម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធទៀតនោះទេ។

សូមជម្រាបថា កាលពីម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។

នៅព្រឹកថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។

កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)៕