(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សភាប៉ាគីស្ថាន បានអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីពង្រីកអំណាចរបស់ប្រមុខកងទ័ពជើងគោក ហើយកាត់បន្ថយសិទ្ធិអំណាចរបស់តុលាការកំពូល ដែលជាការសម្រេចចិត្តមួយ ត្រូវបានក្រុមអ្នកវិះគន់និយាយថា បានបង្កការខូចខាតចំពោះលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Asim Munir ដែលជាអគ្គមេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថាន ឥឡូវនឹងត្រូវដំឡើងឋានៈទៅកាន់តួនាទីថ្មី ជាមួយប្រមុខកងកម្លាំងការពារជាតិ ដែលដាក់កងទ័ពជើងអាកាស និងកងទ័ពជើងទឹកប៉ាគីស្ថាន ឱ្យស្ថិតក្រោមការបង្គាប់បញ្ជារបស់លោក បន្ថែមពីលើកងទ័ពជើងគោក។ មិនតែប៉ុណ្ណោះ បន្ទាប់ពីផុតអាណត្តិទៅ រូបលោកនឹងនៅរក្សាឋានន្តរស័ក្តិដដែល ហើយមានអភ័យឯកសិទ្ធិពេញមួយជីវិត។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានសាទរវិសោធនកម្មរដ្ឋធម្មនុញ្ញខាងលើនេះ ថាជាជំហានមួយឆ្ពោះទៅរក ភាពសុខដុមរមនារវាងស្ថាប័នស៉ីវិលនិងយោធា ហើយនិងឯកភាពជាតិ។ ដោយឡែក ក្រុមអ្នកវិះគន់បានលើកឡើងថា ការកែប្រែនេះ ប្រមូលផ្តុំអំណាចកាន់តែខ្លាំង ទៅក្នុងដៃរបស់យោធា និងចង្កោមរដ្ឋាភិបាល ដែលកំពុងតែកាន់អំណាច៕
































