(ស្ទឹងត្រែង)៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី និងនិវត្តជន សរុបចំនួនជាង ៣០០នាក់។
បន្ទាប់ពីទទួលបានសេចក្តីសម្រេចលោក សរ សុពុត្រា បានប្រកាសប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូន គណៈកម្មាធិការ អ.ន.ក. ថ្នាក់កណ្តាល និងគណៈកម្មាធិការ អ.ន.ក. ខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតី ទទួលខុសត្រូវរួម ៣.ពង្រឹងការដឹកនាំ រចនាសម្ព័ន្ធ និងរៀបចំបង្កើតលេខាធិការដ្ឋានឱ្យបានឆាប់រហ័ស ដើម្បីជាសេនាធិការដោះស្រាយការងារប្រចាំថ្ងៃរបស់ អ.ន.ក. ខេត្ត។

អភិបាលខេត្ត បានសន្យាខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាព របស់បងប្អូនជាសមាជិក ដោយជម្រុញការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្ដែង ព្រមទាំងផ្តល់ការគាំទ្រចំពោះ សមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការការជួយអន្តរគមន៍នានា។
នាឱកាសនោះលោក គន់ គីម បានថ្លែងថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី-ខេត្ត, ក្រុង- ស្រុក និងសាខាសមាគមឃុំ-សង្កាត់ ដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកចិត្តជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រក ក្រោមឆ័ត្រមួយរបស់សមាគម។

លោក គន់ គីម បានកោតសរសើរចំពោះគណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ដែលតែងតែអនុវត្តតួនាទីក្នុងការសម្របសម្រួល ដើម្បីរៀបចំឱ្យអតីតយុទ្ធជនជួបការលំបាក ទទួលបានគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។
លោក គន់ គីម មានប្រសាសន៍រម្លឹកថា គោលបំណងចំបងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះលោក គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំសមាគម សំដៅធ្វើយ៉ាងណាឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ទទួលបានការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង។
ជាចុងបញ្ចប់លោក គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕





































